ដឹង​មូលហេតុ ដែល​ធ្វើ​ឲ្យ​រថយន្ត​ដាំ​ក្បាល​ចុះ​ក្រោម​ នៅពេល​ដែលឆ្លង​កំពង់ដ….



កណ្តាល ៖ រូបភាព​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន ដែល​និយម​លេង​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ស្ញើប ស្ញប់ស្ញែងនោះ ឥឡូវនេះ​ដឹង​ការ​ពិត​ហើយ ​គឺ​បុរស​វ័យក្មេង​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើករថយន្ត​ម៉ាក​លុ​ច​ស៊ី​ស​មួយ​គ្រឿង ពណ៌​ស្ករ មិន​ចាំ​ស្លាក​លេខ ថយក្រោយ​បំណង​ចុះ​ទូកដ បែរជា​ជាន់​ហ្គែ​រ​បន្ថែម​ល្បឿន ទៅ​ឡើង​តាម​ខ្សែកាប ដាំ​ក្បាល​ចុះ​ក្រោម​ដូច​ក្នុង​រឿងភាពយន្ត​បរទេស​អ​ញ្ចឹ​ង ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​ជាង​១​រសៀល ថ្ងៃ​ទី​២៥ មក​រា ២០១៨ នៅ​ចំណុច​កំពង់ចម្លង​ផ្លូវ​ត្រី រោងចក្រ​ក្តារបន្ទះ​ត្រើយ​ខាងកើត ស្ថិត​ក្នុងភូមិ​ផ្លូវ​ត្រី ឃុំ​ថ្ម​គរ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ។

បើ​តាម​ប្រភព​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ វ័យ​ប្រហែល​៣០​ឆ្នាំ បាន​បើករថយន្ត​ម៉ាក​លុ​ច​ស៊ី​ស​៣០០​មួយ​គ្រឿង លុះ​ពេល​មក​ដល់​ចំណោទ​ចុះ​ទូកដ បុរស​នោះ​ក៍​ឈប់​បើកទ្វារ​រថយន្ត​ឲ្យ​ប្រពន្ធ​ចុះ​ដើរ រីឯ​ខ្លួន​បាន​បត់​យក​គូទ​រថយន្ត​មក​មុន ចុះ​ទូកដ បំណង​ឆ្លង​មក​ត្រើយ​ខាងលិច​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។




ប្រភព​បន្ត​ថា ស្រាប់តែ​រថយន្ត​ថយក្រោយ​មក​វូ យ៉ាង​លឿន ធ្វើ​ឲ្យ​កម្មករ​ទូកដ ដែល​ឈរ​ធ្វើ​សញ្ញា​ពីក្រោយ ភ័យ​ស្លន់ស្លោ​រត់​ចេញ​សឹងតែ​មិន​ទាន់ ។ ចំណែក​កង់​រថយន្ត​ម្ខាង ឡើង​លើ​ខ្សែកាប​ទូក រហូត​ទៅ​ជាប់​នឹង​ចុង​បង្គោល​ដែក ខាងលើ​ក្បាលទូក ដែល​មាន​កម្ពស់​ប្រហែល​៣​ម៉ែត្រ ដាំដូង​ធ្លាក់​ក្បាល​ចុះ​ក្រោម​តែ​ម្តង ។ បន្ទាប់​ពី​ដាំ​ក្បាល​ចុះ រថយន្ត​មិន​ទាន់​រលត់​ទេ ហើយ​អ្នក​ដែល​នៅ​ក្បែរ​នោះ ក៍​នាំ​គ្នារ​ត់ទៅ​ជួយ​កាច់​សោ​ពន្លត់ និង​យក​អ្នកបើកបរ​ចេញពី​រថយន្ត ។



បើ​តាម​បុរស​ម្ចាស់​រថយន្ត ប្រាប់​ថា មូលហេតុ​ដែល​ធ្វើ​អោយ​រថយន្ត​ធ្លាក់​មក​លឿន​បែប​នេះ គឺ​រូប​គាត់​ខ្លួនឯង ដាក់​ជើង​ជាន់​ហ្វ្រាំង​ទប់ ដើម្បី​ចុះ​ចំណោទ តែ​បែរជា​ដាក់​ជើង​ជាន់​ចំ​ហ្គែ​រ​ទៅ​វិញ ។ លោក​បន្ត​ថា រថយន្ត​នេះ គឺ​ទើបនឹង​ទិញ​ទេ ហើយក៍​មិន​ទាន់​ចេះ​បើក​ស្ទាត់​ដែរ ។មិន​នឹក​ស្មាន​ដល់​ថ្នាក់​នឹង​ដែរ ដោយ​បុរស​ម្ចាស់​រថយន្ត​និយាយ​បែប​កំប្លែង​ថា បំបែក​ឯតទគ្គ​កម្ម​បាន​ហើយ តែបើ​ឲ្យ​រូប​គាត់​សាក​១​ម៉ឺន​ដង​ទៀត ក៍​មិន​ដូច​ដែរ ។



ទោះ​យ៉ាងណា ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ឡើយ ហើយ​រថយន្ត​ក៍រង​ការ​ខូចខាត​តិចតួច ​តែ​ប៉ុណ្ណោះ ទើប​ម្ចាស់​រថយន្ត ហៅ​រថយន្ត​ស្ទូច​ភ្លាម​ៗ រួច​ធ្វើ​ដំណើរ​បន្ត​បាត់​ទៅ សូ​ម្បី​តែ​សមត្ថកិច្ច​មូលដ្ឋាន ក៍​មិន​បាន​ដឹងផង ៕



 



 



 



 



 



Comments